James 4

1តើការ​ទាស់ទែងនិងជម្លោះក្នុងចំណោមអ្នករាល់គ្នា​កើត​មកពីណា? ​តើ​មិនមែនមកពី​ចិត្ត​ស្រើបស្រាល​ដែល​ច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេ​ឬ? 2អ្នករាល់គ្នាលោភ​ចង់​បាន​ប៉ុន្ដែមិនបាន​អ្វី​ឡើយ។ ​អ្នករាល់គ្នា​សម្លាប់គេហើយច្រណែនគេប៉ុន្ដែមិនអាចទទួលបាន​អ្វី​ឡើយ។ ​អ្នករាល់គ្នា​ឈ្លោះហើយទាស់ទែងគ្នា។ ​អ្នករាល់គ្នា​មិនបាន​អ្វី​សោះព្រោះអ្នករាល់គ្នាមិន​បាន​សុំ 3អ្នករាល់គ្នាសុំ​ដែរ​ប៉ុន្ដែមិន​បាន​ទទួល​អ្វី​ឡើយពីព្រោះ​អ្នករាល់គ្នា​សុំ​ដោយ​បំណង​អាក្រក់គឺ​អ្នករាល់គ្នា​ចង់​បាន​សម្រាប់​តែ​ចាយ​បំពេញ​ចិត្ដ​ស្រើបស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។ 4ឱពួក​ផិតក្បត់​អើយ! ​តើ​មិនដឹងទេ​ឬ​ថា​ការ​ស្រលាញ់លោកិយជាសត្រូវព្រះជាម្ចាស់? ​ដូច្នេះអ្នកណាចង់ធ្វើមិត្តរបស់លោកិយ​អ្នកនោះ​តាំងខ្លួន​ជា​សត្រូវនឹងព្រះជាម្ចាស់​ហើយ។ 5តើអ្នករាល់គ្នា​ស្មានថាបទគម្ពីរគ្មានប្រយោជន៍​ដែល​បាន​ចែង​ទុក​ថាព្រះវិញ្ញាណដែល​ព្រះជាម្ចាស់​ឲ្យ​សណ្ឋិតនៅក្នុងយើង​នោះ​ព្រះអង្គ​ស្រលាញ់​ដោយ​ចិត្ដ​ប្រចណ្ឌ 6ប៉ុន្ដែព្រះអង្គ​ផ្ដល់​ព្រះ​គុណ​កាន់តែ​ខ្លាំងឡើងៗហេតុនេះហើយ​បានជា​មាន​សេចក្ដី​ចែង​ទុក​ថា៖ ​«ព្រះអង្គប្រឆាំងនឹង​មនុស្ស​អួតអាងប៉ុន្ដែផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាប​ខ្លួន​វិញ»។ 7ដូច្នេះត្រូវ​ចុះចូលជាមួយព្រះជាម្ចាស់ហើយប្រឆាំងនឹងអារក្សនោះ​វា​នឹង​រត់ចេញពីអ្នករាល់គ្នា 8ចូរចូល​ទៅ​ជិតព្រះជាម្ចាស់នោះ​ព្រះអង្គ​នឹង​ចូល​មក​ជិតអ្នករាល់គ្នា​វិញ​ឱ​មនុស្សបាប​អើយ! ​ចូរ​លាងដៃ​ឲ្យ​បាន​ស្អាត​ចុះ​ឱ​មនុស្ស​មាន​ចិត្ត​ពីរ​អើយ! ​ចូរ​ជម្រះចិត្ត​ឲ្យ​បាន​បរិសុទ្ធ​ចុះ។ 9ចូរមានទុក្ខវេទនាហើយកាន់ទុក្ខព្រមទាំងយំសោក​ចូរ​ឲ្យ​សំណើចរបស់អ្នករាល់គ្នាត្រលប់ជាទុក្ខព្រួយ​ចុះ​ហើយ​ឲ្យ​អំណរ​របស់​អ្នករាល់គ្នា​ត្រលប់ជា​ភាព​សោកសង្រេង​វិញ។ 10ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់នោះ​ព្រះអង្គ​នឹង​លើកតម្កើងអ្នករាល់គ្នា​ឡើង។ 11បងប្អូនអើយ! ​មិន​ត្រូវ​និយាយមួលបង្កាច់គ្នាឡើយ​អ្នកណា​ដែលនិយាយមួលបង្កាច់ថ្កោលទោសបងប្អូន​របស់​ខ្លួន​អ្នកនោះ​និយាយមួលបង្កាច់និងថ្កោលទោសក្រឹត្យវិន័យ​ហើយ។ ​បើ​អ្នក​ថ្កោលទោសក្រឹត្យវិន័យ​នោះ​អ្នក​មិនមែនជា​អ្នក​ប្រព្រឹត្តតាមក្រឹត្យវិន័យទេគឺ​ជា​​អ្នក​ថ្កោលទោសវិញ 12មានតែ​ព្រះអង្គ​មួយប៉ុណ្ណោះ​ដែល​ជាអ្នក​ផ្ដល់​ក្រឹត្យវិន័យហើយ​ជា​ចៅក្រម​ដែល​អាចសង្គ្រោះ​និង​បំផ្លាញបាន។ ​រីឯអ្នកវិញ​តើ​អ្នក​ជាអ្នកណា​បានជា​ហ៊ាន​ថ្កោលទោសអ្នកជិតខាង​របស់​ខ្លួន​ដូច្នេះ? 13ចូរមក៍​ឱ​ពួក​អ្នក​ដែលនិយាយថាថ្ងៃនេះថ្ងៃស្អែក​យើង​នឹង​ធ្វើដំណើរទៅកាន់ក្រុងមួយហើយស្នាក់នៅទីនោះ​មួយ​ឆ្នាំ​រួច​រកស៊ី​ឲ្យ​បាន​ចំណេញ​អើយ! 14អ្នករាល់គ្នាមិនដឹង​ថា​ថ្ងៃស្អែកមាន​អ្វី​កើត​ឡើងទេ​ហើយ​ក៏​មិន​ដឹង​ថា​ជីវិតរបស់អ្នករាល់គ្នា​នឹង​ទៅជា​យ៉ាងណា​ដែរ! ​ដ្បិត​អ្នករាល់គ្នា​គ្រាន់តែ​ជាចំហាយទឹក​ដែល​មាន​តែ​មួយភ្លែតហើយហួតអស់​ទៅ​វិញ​ប៉ុណ្ណោះ។ 15ផ្ទុយទៅវិញអ្នករាល់គ្នា​គួរតែ​និយាយថាបើព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​យើង​នឹង​មាន​ជីវិត​រស់ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ការ​នោះ 16ប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​អួតអាងអំពីអំនួត​របស់​ខ្លួន​វិញ​ដែល​ការ​អួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់ 17ដូច្នេះអ្នកណា​ដែល​ដឹង​អំពើ​ល្អ​ដែល​គួរ​ធ្វើប៉ុន្ដែមិន​ព្រម​ធ្វើអ្នកនោះមានបាប​ហើយ។
Copyright information for KhmKCB